សង្គម

ទីតាំងសិប្បកម្មជុំវិញស្នាក់ការមេម៉ង់ ដឹកឈើមកពីណាដើម្បីដំណើរការធ្វើគ្រឿងសង្ហារឹម?

ខេត្តមណ្ឌលគិរី÷បើទោះជាអតីតអភិបាលខេត្តមណ្ឌល គិរីលោកស្វាយ សំអ៊ាង ព្រមតាមសំណើររបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានឱ្យបញ្ចប់សកម្មភាពនៃការធ្វើគ្រឿងសង្ហារឹមតាមរោងសិប្បកម្មនានាយ៉ាងណាក៏ដោយ ក៏មកដល់ ពេលនេះដំណើរការនៃការធ្វើគ្រឿងសង្ហារឹមតាមរោងសិប្បកម្មនានា នៅជុំវិញស្នាក់ការបរិស្ថានមេម៉ង់នៃដែន ជម្រកសត្វព្រៃភ្នំព្រិចនិងដែនជម្រកកែវសីមានៅតែកើតមានជាធម្មតា។

នៅជុំវិញស្នាក់ការមេម៉ង់នៃដែនជម្រកសត្វព្រៃភ្នំព្រិចក្រោមការដឹកនាំរបស់លោកព្រហ្ម វិបុលរតនៈ សកម្ម ភាពនៃការធ្វើគ្រឿងសង្ខារឹមកើតមានជាហូរហែដល់សំអាងថា វាជារបររកស៊ីតាមទម្លាប់ពីដូនតារបស់អ្នក ភូមិ។ ប៉ុន្តែវាជារឿងគួរឲ្យខ្មាស់អៀនខ្លាំងណាស់ ដែលរោងសិប្បកម្មបាននិងកំពុងដំណើរការនៅជាប់នឹងរបងស្នាក់ការបរិស្ថានមេម៉ង់ដែលមានលោកសោម វិសាលជាប្រធានស្នាក់ការ។ នៅក្រោយស្នាក់ការមេម៉ង់គឺមានរោងសិប្បកម្មរបស់កូនយាយម៉ាប់ ដែលធ្វើគ្រឿងសង្ហារឹមដូចជាសាឡុងនិងតុទូរជាដើម។

ហួសស្នាក់ការបរិស្ថានមេម៉ង់បន្តិចគឺជាភូមិគ្រឹះរបស់
យាយម៉ាប់ ។ យាយម៉ាប់មានរបររកស៊ីជាអ្នកផលិតគ្រឿងសង្ហារឹមនៅតំបន់មេម៉ង់ នេះជាយូរយារណាស់ មកហើយ។ អ្វីដែលពិសេសជាងគេគឺយាយម៉ាប់អាចប្រើកម្មករជាជនជាតិវៀតណាមជាច្រើនសិបនាក់ក្នុងភូមិ គ្រឹះរបស់ខ្លួនដោយគ្មានអាជ្ញាធរដែនដីមូលដ្ឋានណាហ៊ានក្អកនោះឡើយ ។ នៅខេត្តមណ្ឌលគីរីអាជ្ញាធរមាន សមត្ថកិច្ចរូបណាក៏ស្គាល់យាយម៉ាប់ច្បាស់ដែរ។ យាយ ម៉ាប់ត្រូវគេពិពណ៌នាថាជាឆ្នាំងបាយដ៏មានរសជាតិសម្រាប់ពួកមន្ត្រីបរិស្ថានចាប់ពីថ្នាក់ប្រធានស្នាក់ការរហូតដល់ប្រធានមន្ទីរ។

នៅតំបន់ជុំវិញស្នាក់ការបរិស្ថានមេម៉ង់នេះ ក្រៅពីរោងសិប្បកម្មដុះស្នឹមរបស់កូននិងយាយម៉ាប់ ក៏មានរោងសិប្បកម្មនៅតាមផ្ទះ,សិប្បកម្មលោកសៀ…ធ្វើគ្រឿងសង្ហារឹមច្រើនកន្លែងទៀត តែគេចាត់ទុកថាជាឆ្នាំងបាយរបស់លោកព្រហ្ម វិបុលរតនៈ និងលោកសោម វិសាល ដែលមិនព្រមចែករំលែកឲ្យលោកឆៅ ប៊ុនធឿន ប្រធាន មន្ទីរបរិស្ថានខេត្តមណ្ឌល គិរីបានលិឌខ្លះផងទេ។ ប្រភពពីមន្ត្រីនៃមន្ទីរបរិស្ថានខេត្ត មណ្ឌលគីរីនិយាយថាលោកព្រហ្ម វិបុលរតនៈមិន ដែលខ្វល់ជាមួយនរណាឡើយ ជាពិសេសបញ្ហាបទ ល្មើសគឺលោកដឹងតែពីយកលុយប៉ុណ្ណោះ។ បើលោកមិនយកលុយទេ ម៉្លេះលោកបង្ក្រាបបទល្មើសទាំងនោះហើយ។

ហួសពីដែនសមត្ថកិច្ចរបស់លោកព្រហ្ម វិបុលរតនៈគឺចូលដល់តំបន់ចុងផ្លាស់ក្នុងដែនជម្រកសត្វព្រៃកែវសីមាដែលសកម្មភាពនៃការផលិតគ្រឿងសង្ហារឹមជាពិសេសទ្វារបង្អួចបានកើតយ៉ាងគគ្រឹកគគ្រេង។ នៅទីនេះមានបុរសម្នាក់ឈ្មោះ ភក្តិ ជាអ្នកផលិតគ្រឿងទ្វារបង្អួចដើម្បីនាំទៅបណ្ដាខេត្តភាគខាងក្រោម។ នៅពេលដែលលោក ភក្តិ ផលិតបានហើយគឺលោកសីហា (កែវសីហា)មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីជាអ្នកមានភារកិច្ចនាំគ្រឿងទ្វារបង្អួចទាំងនោះមកកាន់រាជធានីភ្នំពេញនិងខេត្តភាគខាងក្រោម។ នៅទីនេះក៏មានផងដែរ ពួកអ្នកផលិតគ្រឿងទ្វារបង្អួចមកពីខេត្តកំពង់ចាម។

សំណួរសួរថា តើទីតាំងផលិតគ្រឿងសង្ហារឹម,ទ្វារបង្អួចទាំងនោះបានឈើមកពីណាដើម្បីធ្វើ? ដោយមើល ឃើញថា វាជាបញ្ហាហានិភ័យបែបនេះហើយ ទើបអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានស្នើឲ្យអាជ្ញាធរនិងមន្ត្រីបរិស្ថានគ្រប់លំដាប់ថ្នាក់បញ្ចប់សកម្មភាពនៃការផលិតគ្រឿងសង្ហារឹមនៅតំបន់ក្បែរខាងដែនអភិរក្ស។ ប៉ុន្តែសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនត្រូវបានក្រុមមន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី តួយ៉ាងដូចជាលោកព្រហ្មវិបុលរតនៈនិងលោកសោម វិសាលយកចិត្តទុក ដាក់និងអនុវត្តឲ្យមានប្រសិទ្ធភាពនោះឡើយ។ និយាយឲ្យខ្លីតើនរណាសុខចិត្តវ៉ៃបំបែកឆ្នាំងបាយខ្លួនឯងនោះ៕