បច្ចេកវិទ្យា

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ប្រាប់ពលរដ្ឋអាចប្តឹងមកក្រសួងអំពីកន្លែងណាដែលអត់មានសេវាទូរសព្ទ

លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានលើកឡើងថា បើទូរស័ព្ទអត់មានសេវា (នៅទីណាក៏ដោយ) សូមបងប្អូនប្ដឹងមកក្រសួងប្រៃសណីយ៍។ បើការពិត ក្រសួងនឹងហៅក្រុមហ៊ុនមក ហើយអាចពិន័យចំពោះក្រុមហ៊ុនសេវាទូរស័ព្ទនោះតែម្ដង។ នេះជាការលើកឡើងរបស់លោក ជា វ៉ាន់ដេត ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យជាតិ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ។

លោក ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ក្រសួងបានខិតខំប្រឹងប្រែងណាស់ បានដាក់ចេញនូវកម្មវិធី MPTC Speed test ដើម្បីឲ្យអ្នកប្រើប្រាស់ទាំងអស់ប្រើទូរស័ព្ទនៅទីណាក៏ដោយ បើថាទូរស័ព្ទអត់សេវា គឺអាចប្តឹងមកក្រសួង ក្រសួងនឹងហៅក្រុមហ៊ុនមក ហើយនៅពេលនោះមើលឃើញទាំងអស់គ្នា អ្នកដែលត្អូញត្អែថាអត់សេវា គឺយើងមើលក្នុងទូរស័ព្ទឃើញថាកន្លែងហ្នឹងមានសេវាអត់ បើមានសេវាទេគាត់កុហក់យើងហើយ តែបើគាត់អត់មានសេវាមែន ម្តង ២ដង ៣ដង ទីតាំងនេះមានអ្នកប្តឹង ២ ទៅ ៣ដង យើងហៅក្រុមហ៊ុនមក ហើយពិន័យក្រុមហ៊ុន។

លោក ជា វ៉ាន់ដេត បន្តថា ឥឡូវនេះ ដើម្បីចាត់វិធានការនេះ យើងបានចេញនូវសេចក្តីប្រកាស អំពីគុណភាពសេវា ដូចសម្តេចអគ្គមហាសេនាតេជោ បានឯកភាព ៨ខែហើយ ហើយទុករយៈពេល៨ខែឲ្យក្រុមហ៊ុន ធ្វើការបង្កើនគុណភាពសេវា បន្ទាប់ពីនេះទៅក្រុមហ៊ុនណាមិនបង្កើនគុណភាពសេវាបានល្អគឺក្រសួងនឹងផាកពិន័យ។ នេះគឺជាវិធានការដើម្បី ឲ្យសេវាទូសព្ទល្អ ទាំងវិធានការដែលយើងសាងសង់បង្គោលច្រើន ទាំងវិធានការដែលយើងដាក់ចេញនូវការវាស់ស្ទង់សេវា និងវិធានការរដ្ឋបាលដែលត្រូវផាកពិន័យមកគាត់។

លោក ជា វ៉ាន់ដេត បានជំរុញឱ្យអ្នកប្រើប្រាស់ទាញយកនូវនូវកម្មវិធី MPTC Speed Test ដើម្បីឲ្យអ្នកប្រើប្រាស់ទាំងអស់ ដឹងថាទីកន្លែងរបស់ខ្លួនមានសេវា ឬអត់។ បើអត់អាចប្តឹងមកក្រសួងបាន។

កម្មវិធី MPTC Speed Test ងាយស្រួលប្រើ បង្ហាញលទ្ធផលច្បាស់លាស់ អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ និងមិនតែប៉ុណ្ណោះ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ ឲ្យកាន់តែប្រសើរ៕