ជីវិតកម្សាន្ត

ក្រសួងវប្បធម៌នឹង​មិន​អនុញ្ញាត​ឱ្យ​ចាក់បញ្ចាំងខ្សែភាពយន្ត No More Bets នៅ​ក្នុងប្រទេស​កម្ពុជាឡើយ

ភាពយន្តចិន No more bets ដែលកំពុង​កើបលុយរាប់លានដុល្លារ ពីការចាក់បញ្ចាំងនៅជុំវិញពិភពលោក នឹង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ចាក់បញ្ចាំងនៅ​ប្រទេស​កម្ពុជាឡើយ ទោះ​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ណា​ក៏ដោយ។

លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងវប្បធម៌ មាន​ប្រសាសន៍ថា ភាពយន្តចិន ដែលមានចំណង​ជើងថា No more bets បានប៉ះពាល់​ដល់ប្រទេស​មួយ​ដែលមានអធិបតេយ្យភាពពេញលេញ ដូច្នេះ​វិធានការរបស់កម្ពុជា គឺមិនអនុញ្ញាត​ដាច់ខាតឱ្យ​ខ្សែភាពយន្តនេះ​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយមិន​ឱ្យ​អាជ្ញា​បណ្ណ​ចាក់​ផ្សាយ​​។ ហើយ​ក្នុង​ករណី​ដែល​មានការ​បង្ហោះ​ទៅ​លើ​បណ្តាញ​សង្គម ឬ​ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ​នោះ ក្រសួងនឹង​ស្នើ​សុំ​ទៅ​ក្រសួង​ប្រៃសណីយ៍ ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​មានការ​ផ្សាយ។

សូម​បញ្ជាក់​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ផ្ទុះ​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ខ្លាំងក្លា ជុំវិញ​ភាពយន្ត​ចិន​មួយ ដែល​មាន​ចំណងជើង​ថា «No more bets» ហើយ​ភាពយន្ត​នេះ​បាន​និង​កំពុង​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​ដាំ​ក្បាល​ចុះ​មួយ​ទំហឹង ដោយសារ​តែ​អ្នកទេសចរ​ចិន និង​បរទេស​ដែល​បាន​ទស្សនា​រឿង​នេះ មានការ​ភ័យ​ខ្លាច​ក្នុង​ការ​មក​កម្សាន្ត​នៅ​កម្ពុជា​។

ជាង​នេះ​ទៅ​ទៀត ភាពយន្ត​ចិន​មួយ​នេះ ក៏​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ទឹកចិត្ត​មហាជន​ខ្មែរ ព្រោះតែ​ភាព​យន្ត​ចិន​មួយ​នេះ អ្នកនិពន្ធ​បាន​អះអាង​ថា ផលិត​ឡើង​មក​ផ្អែក​ទៅ​លើ​ការ​ពិត ដែល​បាន​ធ្វើការ​ស្រាវជ្រាវ និង​លើក​ឡើង​ថា មាន​បទ​ឧ​ក្រិ​​ដ្ឋ​ជា​ច្រើន​កើត​មាននៅ​ប្រទេស​អាស៊ី​អាគ្នេយ៍ មាន​ទាំង កម្ពុជា ថៃ និង​ប្រទេស​មី​យ៉ា​ន់​ម៉ា ជាដើម​៕