សង្គម

លោកចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំមានភរិយាជាថៅកែទិញលៀស និងប្អូនថ្លៃជាអ្នកនេសាទកាវលៀសខុសច្បាប់

ខេត្តកំពង់ធំ÷ អ្នកឃ្លាំមើលអំពីការនេសាទកាវលៀសដែលប្រើកាណូត ម៉ាស៊ីន៤ទៅម៉ាស៊ីន៦ តំបន់បឹងទន្លេសាប ខេត្តកំពង់ធំ ជាពិសេសនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ចំណុចដែលសំខាន់ការហាម ឃាត់គឺនៅចំណុចកោះតាបរ ចំណុចប៉ាទាល់ ចំណុចខាងមុខបាឡត ក្នុង១ថ្ងៃៗទូកចាប់ពី៦០គ្រឿងទៅ១០០ គ្រឿង កំពុងធ្វើសកម្មភាពនេសាទ កាវលៀស យ៉ាងមមាញឹក។ ប្រភពព័ត៌មានឱ្យដឹងថាលោកចាយម៉េងគង់ នាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្ត កំពង់ធំ ទី១ដើរប្រមូលលុយពីក្បាលទូកកាវលៀសទាំងអស់ដែលកំពុងតែធ្វើសកម្មភាព នៅលើទឹកដីឃុំផាត់សណ្ដាយ និងឃុំពាមបាង រីឯទី២កាងឲ្យប្រពន្ធចុងនិងប្អូនថ្លៃជាអ្នកប្រមូលទិញលៀសនៅទីនោះ ។

ប្រភពពីអ្នកនេសាទកាវលៀសល្មើសច្បាប់បានឲ្យដឹងថា ចាយ ម៉េងគង់ មានប្រពន្ធចុងជាថៅកែលៀស ហើយខ្លួនឯងអ្នកកាងនៅពីក្រោយខ្នង ដោយក្នុងនោះប្អូនថ្លៃរបស់លោកនាយរងខណ្ឌក៏ជាអ្នកនេសាទលៀសល្មើស ច្បាប់ដ៏សកម្មម្នាក់ផងដែរ នៅតំបន់ពាមបាង និងផាត់សណ្តាយ។ សកម្មភាពនៃការនេសាទកាវលៀស នៅ ក្នុងតំបន់ខែលើនេះត្រូវគេប្រាប់ថា ស្ថិតនៅក្រោមការ គ្រប់គ្រងដោយផ្ទាល់ និងម៉ឺងម៉ាត់របស់លោកនាយរងខណ្ឌចាយ ម៉េងគង់ ពោលគឺគ្មានទូកអ្នកនេសាទលៀសណាមួយដែលអាចគេចផុតពីកណ្ដាប់ដៃ របស់លោកចាយ ម៉េងគង់ នោះឡើយ។ ដូច្នេះ ក្នុងនាមនាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំលោកចាយ ម៉េងគង់ កំពុងធ្វើសកម្មភាពពីរព្រមគ្នា គឺជាអ្នកកាងឲ្យប្រពន្ធចុងក្នុងរបបទិញលៀសផ្ដាច់មុខ និងប្អូនថ្លៃជាអ្នកនេសាទកាវលៀសដ៏សកម្ម។

មន្ត្រីជលផលនៃមន្ទីរកសិកម្មខេត្តកំពង់ធំ មានចំណែកស្វែងរកផលប្រយោជន៍ផ្សេងៗគ្នា ទៅតាមជំនាញដែលក្នុងនោះលោកប្រធានមន្ទីរ ហាក់ដូចជាមិនខ្វល់ខ្វាយចំពោះបទល្មើសនេសាទដែលកំពុងកើតឡើង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។ លោកប៉ែន វណ្ណារិទ្ធ ប្រធាន មន្ទីរកសិកម្មខេត្តកំពង់ធំ ជាអ្នកដែលមានជំនាញក្នុងរឿងជលផលនេះ ដូច្នេះលោកដឹងច្បាស់អំពីបញ្ហាផល ប្រយោជន៍លាភសក្ការៈ។ ប៉ុន្តែករណីនាយរងខណ្ឌរដ្ឋ បាលជលផលកំពង់ធំ លោកឆាយ គង់ម៉េង កំពុងតែលូកដៃក្នុងករណីបទល្មើសកាវលៀសនេះគេមិនឃើញប្រតិកម្មពីលោកប្រធានមន្ទីរនោះទេ។ ករណីនេះត្រូវគេសង្ស័យថា ផលប្រយោជន៍ដែលលោកឆាយ គង់ម៉េងបានពីតំបន់បឹងទន្លេសាប ក៏ចែករំលែកឲ្យលោកប្រធាន មន្ទីរខ្លះដែរ។

បើតាមមហាជន មិនយល់និងមិនដឹងថា តើចំណូលចូលអង្គភាពប៉ុន្មាន ហើយប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្មានទេ បានជា លោកជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោកប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរ បានរក្សាទុកបុគ្គលរូបនេះ ដើរធ្វើព្យុះភ្លៀង និងពេលខ្លះប៉ះ ពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋដែលនេសាទជាលក្ខណៈគ្រួសារក៏មាន។ ទាំងអស់នេះសុទ្ធតែរឿងឈឺក្បាលដល់ថ្នាក់ដឹកនាំ ការសម្រេចមហាជនសង្ឃឹមទៅលើថ្នាក់ជាតិបានអាចសម្រេចបាន ជាពិសេសលោកពុំ ស៊ីថា ប្រធានរដ្ឋបាលជលផល។ នោះគឺដៃរបស់លោកឆាយ គង់ម៉េង ម្ខាងចាប់ ម្ខាងទៀតប្រព្រឹត្តបទល្មើស៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងការិយាល័យនិពន្ធ:010840732/016881299