អន្តរជាតិ

អ្នកលេង TikTok ដែលបង្ហោះវីដេអូធ្វើ​ឱ្យ​យល់ច្រឡំប្រាសាទអង្គរខ្មែរ ជារបស់ថៃ ត្រូវ​អាជ្ញាធរវៀតណាម ហៅមកព្រមាន និងផាកពិន័យ

អ្នកលេង TikTok ជាជនជាតិវៀតណាម ដែលបានបង្ហញវីដេអូជាង ៣០វិនាទីបង្ខូចកេរ្តិ៍ឈ្មោះប្រាសាទអង្គរវត្តកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ពេលនេះត្រូវបានអាជ្ញាធរវៀតណាមហៅទៅព្រមាន និងផាកពិន័យ ៧,៥លានដុង គិតជាលុយដុល្លារប្រមាណ ៣០៦ដុល្លារអាមេរិក។

យោងតាមការចុះផ្សាយរបស់ Vietnam Express ការផាកពិន័យនេះធ្វើឡើងកាលពីថ្ងៃពុធ ហើយបានព្រមានជនជាតិរបស់ខ្លួនមួយនេះឱ្យចេះរៀនពីកំហុស និងគោរពតាមច្បាប់នៅពេលប្រើប្រាស់អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

គួរឱ្យដឹងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បុរសជនជាតិវៀតណាមដែលទុកសក់វែងដូចស្រី ហើយមានពុកមាត់វែងរូបនេះ បានបង្ហោះវីដេអូមួយនៅលើគណនី TikTok របស់គាត់ដែលមានអ្នក Follow ដល់ទៅ ៧០ម៉ឺននាក់ដោយបង្ហាញពីនារីម្នាក់ស្លៀកឈុតប្រពៃណីថៃ និងដើរជុំវិញប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប។ គាត់បានបញ្ចូលរូបភាពទង់ជាតិ និងព្រះមហាក្សត្រថៃ ហើយសំឡេងមួយនិយាយថា “សួស្ដីប្រទេសថៃ“ ដែលបង្កឱ្យមានការរិះគន់នៅប្រទេសវៀតណាម និងកម្ពុជា។

អាជ្ញាធរអភិរក្សអប្សរាបានចាត់ទុកវីដេអូនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា និងបានស្នើឱ្យ TikTok ដកវីដេអូនេះចេញផងដែរ៕