ព័ត៌មានជាតិ

ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នឹងបើកការដ្ឋាននៅពាក់កណ្តាលខែកុម្ភៈនេះ

ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានមានប្រសាសន៍ថា ស្ពានព្រែកប្រា-ចាក់អង្រែអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ច សង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង និងព្រលានយន្តហោះអន្តរជាតិ តេជោក្រុងតាខ្មៅ។ ជាពិសេសស្ពាននេះ នឹងធ្វើឱ្យប្រសើរឡើង ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជ ធានីភ្នំពេញ ក៏ដូចជា កាត់បន្ថយការកកស្ទះចរាចរណ៍ នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់។

គម្រោងសាងសង់ស្ពានឆ្លងទន្លេតភ្ជាប់ពី ព្រែកប្រា-ចាក់អង្រែប្រើឥណទានសម្បទានពីប្រទេសចិន ដែលមានទឹកប្រាក់ប្រមាណ៦០លានដុល្លារអាម៉េរិក និងប្រើរយៈពេលសាងសង់៤២ខែ ឬ៣ឆ្នាំកន្លះ។ ស្ពាននេះស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ) ទទឹង២៧ម៉ែត្រ មានផ្លូវរថយន្តចំនួន៤គន្លងទៅមក និង២គន្លងសម្រាប់ថ្មើជើង៕