សង្គម

លោកឡេង មុនី្នរក្សានិងគូកនកាប់ឈើដឹកចេញពីតំបន់មេម៉ង់ក្រោមក្រសែរភ្នែកលោកព្រហ្ម វិបុលរតន នាយកដែនជម្រកសត្វព្រៃភ្នំព្រេច

ថ្មីៗនេះគេប្រទះឃើញគំនរឈើច្រើនសន្លឹក នៅក្រោយប៉ុស្តិ៍រដ្ឋបាលមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅជិតស្នាក់ការបរិស្ថានមេម៉ង់។ សំណួរសួរថា តើគំនរឈើនោះកាប់ចេញពីតំបន់ណាមក? មកពីខេត្តរតនគិរី..? ស្រុកកោះញែក? ស្រុកអូរាំង?…ចម្លើយដែលត្រឹមត្រូវសមស្របនិងងាយយល់ គឺកាប់ចេញពីជិតៗក្រោយស្នាក់ការប៉ូលិសនៅក្នុងតំបន់មេម៉ង់នៃដែនជម្រកសត្វ ព្រៃភ្នំព្រិចនេះឯង ។ ដូច្នេះ អ្វីដែលងាយយល់ងាយស្ដាប់បាន គឺសកម្មភាពនៃការកាប់ឈើនៅក្នុងតំបន់អភិរក្សសត្វព្រៃភ្នំព្រិចក្រោមការដឹកនាំរបស់លោកព្រហ្ម វិបុលរតនៈ នៅតែកើតមានជាដដែល។

ប្រភពរាយការណ៍ថា លោកលេងមុន្នីរក្សា និងលោករ៉ាត់គឺជាឈ្មួញដុះស្លែប្រចាំនៅខេត្តមណ្ឌលគិរីដែលពួកគាត់ ធ្វើសកម្មភាពជាយូរមកណាស់ ហើយម្ដងច្រកនេះម្ដងច្រកនោះ។ ប្រភពបានរាយការណ៍ថា ឈើដែលគេប្រទះ ឃើញនោះគឺសម្រាប់ផ្គត់ផ្គង់ឲ្យមន្ត្រីជាន់ខ្ពស់មួយរូបធ្វើផ្ទះ។ លោកលេងមុន្នីរក្សា និងលោករ៉ាត់ជាអ្នកទទួលខុសត្រូវក្នុងការដឹកជញ្ជូនឈើនោះ។ បន្ទាប់ពីបានសិទ្ធិក្នុងការដឹកឈើ លោកទាំងពីរនាក់ ក៏ឆ្លៀតលេងប៉ាហ៊ីដោយបន្លំដឹកខុសគោលដៅនិងខុសចំនួនខ្លះៗដែរ។ គេថាកន្ទេលធំបន្លំដេក គឺជាល្បិចរបស់ឈ្មួញទាំងពីរនាក់ដែលធ្លាប់ធ្វើសកម្មភាពជាប្រចាំកន្លងមកនោះ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីច្រូតកាត់រួចប្រជាពលរដ្ឋនៅតំបន់មេម៉ង់ សហការជាមួយឈ្មួញនាំគ្នាចូលព្រៃកាប់ឈើ យកមកលក់ឱ្យឈ្មួញនាំចេញក៏ដូចជាយកមកលក់ឲ្យតាមសិប្បកម្មនានា ដែលមានជាច្រើនកន្លែងនៅជិតស្នាក់ការមេម៉ង់។ បណ្ដាទីតាំងសិប្បកម្មទាំងនោះ បើទោះបីជាអតីតរដ្ឋមន្ត្រីក្រសួង បរិស្ថានលោកសាយ សំអាល់ ស្នើឲ្យបញ្ឈប់សកម្មភាពយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែដំណើរការជាធម្មតាក្រោមលេសនៃភាពស្របច្បាប់ដែលចេញដោយរដ្ឋបាលព្រៃឈើ។ ប៉ុន្តែ ឈើដែលយកមកផ្គត់ផ្គង់នៅតាមទីតាំងសិប្បកម្មទាំងនោះ ត្រូវបានគេកាប់ និងដឹកចេញពីតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំព្រិចនោះតែម្ដង។

តើគេអាចឆ្លើយបានយ៉ាងដូចម្ដេច ចំពោះគំនរឈើដែល គេប្រទះឃើញ នៅក្រោយប៉ុស្តិ៍រដ្ឋបាលនគរបាលមេម៉ង់ដែលនៅមិនឆ្ងាយ ស្នាក់ការដែនអភិរក្សមេម៉ង់ប៉ុន្មានរយម៉ែត្រនោះ? ការពិតនោះ វាគឺជាការគប់គិតត្រូវរូវគ្នា រវាងមន្ត្រីបរិស្ថាននៃស្នាក់ការមេម៉ង់លោកសោម វិសាល និងប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច លោកព្រហ្ម វិបុលរតនៈ ដែលពួកគេទាំងពីរនាក់ នាំគ្នាស៊ីលើស៊ីក្រោម ពីលើ លោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ បញ្ហាបទល្មើស នៃការកាប់បំផ្លាញព្រៃ ឈើក្នុងដែនសមត្ថកិច្ចលោកព្រហ្ម វិបុលរតនៈ តែងតែកើតមានជារឿងដរាបកន្លងមក ប៉ុន្តែលោក ព្រហ្ម វិបុលរតនៈ ឆ្លើយយ៉ាងខ្លីថា លោកមិនដឹងទេ។ រីឯលោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីក៏ចេះតែស្របតាមការ “មិនដឹង” របស់លោកព្រហ្ម វិបុលរតនៈ ដែរទៅ ពីព្រោះយ៉ាងណាក៏លោកបានបន្តិចបន្តួចគ្រាន់ បើជាងអត់នោះដែរ។

ប្រភពរាយការណ៍ថា បើទោះបីជានៅខេត្តមណ្ឌលគិរីសកម្មភាពកាប់ និងដឹកជញ្ជូនឈើហាក់ស្ងប់បន្តិច ប៉ុន្តែនៅតំបន់អភិរក្សភ្នំព្រិច ការកាប់ឈើនៅតែកើតមានជាធម្មតា។ លោកមុន្នីរក្សា និងលោករ៉ាត់ សហការជាមួយពួកមន្ត្រីបរិស្ថានតំបន់មេម៉ង់ នៅតែបន្តធ្វើសកម្មភាពគឃ្លើនដដែល។ពួកអ្នកកាប់ឈើនៅតំបន់នោះ គ្រាន់តែ បង់ លុយឲ្យលោកសោម វិសាល និងលោកព្រហ្ម វិបុលរតនៈគឺជាការស្រេច។ ឈើខ្លះត្រូវបានគេដឹកចេញឆ្ពោះ ទៅទីកន្លែងឆ្ងាយៗ និងឈើខ្លះត្រូវបានដឹកយកមកផ្គត់ ផ្គង់តាមបណ្ដារោងសិប្បកម្ម នៅក្បែរៗតំបន់អភិរក្សនោះ។ ដូច្នេះវាជាប្រក្រតីភាព នៃដំណើរការកាប់ឈើនៅតំបន់ដែនអភិរក្សភ្នំព្រិច ជាពិសេសនៅក្បែរតំបន់មេម៉ង់នោះតែម្ដង។ ជាក់ស្ដែងគំនរឈើដែលគេប្រទះឃើញថ្មីៗនេះគឺប្រាកដជាកាប់ចេញពីតំបន់អភិរក្សភ្នំព្រិចនោះឯងហើយលោកមុន្នីរក្សានិងលោករ៉ាត់បន្តដឹកចេញតាមគោលដៅរបស់ខ្លួន។

ចាំមើលថា តើលោកឆៅ ប៊ុនធឿន បកស្រាយយ៉ាងម៉េចជាមួយថ្នាក់ដឹកនាំក្រសួងរបស់ខ្លួន។ យ៉ាងណាក៏ដោយគេកត់សម្គាល់ឃើញថា ការបកស្រាយនៅលើក្រដាសមួយសន្លឹកដើម្បីបញ្ចប់បញ្ហា គឺមិនអាចឆ្លុះបញ្ចាំងលាងសម្អាតភាពពិត នៃមហន្តរាយព្រៃឈើនៅតំបន់អភិរក្សភ្នំព្រិចនោះបានឡើយ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299