បច្ចេកវិទ្យា

សូមប្រុងប្រយ័ត្ន! នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាព្រមានពីការលួចយកព័ត៌មានគណនីធនាគារ តាមរយៈសារ SMS

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃនៅថ្ងៃនេះ (៦ មីនា) បានព្រមានពីការលួចយកព័ត៌មានគណនីធនាគាររបស់អ្នកប្រើប្រាស់បន្ទាប់ពីមានករណីផ្ញើសារពីការស្នើសុំព័ត៌មានធនាគារដោយមានភ្ជាប់នូវតំណ Link។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាជូនដំណឹងថា ប្រសិនបើមានសារ (SMS) ការស្នើសុំជាបន្ទាន់នូវព័ត៌មានផ្ទាល់ខ្លួន ដើម្បីចូលទៅកាន់គណនីធនាគារ ការស្នើសុំលេខអត្តសញ្ញាណ ឬក៏ដើម្បីបញ្ជាក់នូវព័ត៌មានគណនីធនាគាររបស់លោកអ្នក សូមកុំចុចទៅលើតំណភ្ជាប់ (Link) ដែលទទួលបាននោះ ឬកុំឆ្លើយតប និងផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនី ជាដាច់ខាត។ បើមានការមន្ទិលសង្ស័យសូមទំនាក់ទំនងទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុរបស់ខ្លួនដើម្បីបញ្ជាក់អោយបានច្បាស់លាស់មុននិងចុចទៅលើតំណភ្ជាប់ (Link)។

ជាមួយគ្នា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សាធារណៈជនដែលបានប្រើប្រាស់បណ្តាញសង្គមនានា សូមកុំចុចតំណរភ្ជាប់ទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការកើតឡើងនូវហានិភ័យផ្សេងៗ។

គួរបញ្ជាក់ថា ក្នុង​រយៈពេលប៉ុន្មានថ្ងៃមកនេះមានការ ផ្ញើសារមកកាន់ទូរស័ព្ទពលរដ្ឋជាច្រើ់នដោយសរសេរក្នងន័យស្រដៀងៗគ្នាឱ្យផ្ទៀងផ្ទាត់គណនីធនាគាររបស់អ្នកប្រើប្រាស់ បើមិនដូច្នោះទេលុយដែលមានក្នុងធនាគារទាំងនោះនឹងត្រូវបង្កក ហើយក៏មានភ្ជាប់នូវតំណ Link ឱ្យចុចទៅកាន់ផងដែរ។

ធនាគារអេស៊ីលីដា បានចេញប្រកាសមួយច្រានចោលកាលពីថ្ងៃទី៤ ខែមីនាថាការផ្ញើសារនេះជាការក្លែងបន្លំរបស់ជនអាណាមិក និងសុំកុំឱ្យអតិថិជនចូលទៅកាន់តំណភ្ជាប់ Link នោះជាដាច់ខាតផងដែរដោយបញ្ជាក់ថាធនាគារនឹងមិនទាក់ទងអតិថិជនសួរអំពីលេខគណនី ឬព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន តាមរយៈសារ SMS អ៊ីម៉ែល ឬទូរសព្ទនោះទេ៕