ព័ត៌មានជាតិ

កម្ពុជាគ្រោងដាក់ពាក្យ «សង្ក្រាន្តកម្ពុជា» ទៅអង្គការយូណេស្កូនៅឆ្នាំ២០២៥

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាសម្ដេចបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ឲ្យធ្វើការរៀបចំឯកសារដើម្បីត្រៀមដាក់ទៅអង្គការយូណេស្កូនៅ«សង្ក្រាន្តកម្ពុជា» ដែលយ៉ាងយូរបំផុតគឺនៅត្រឹមឆ្នាំ២០២៥។

ថ្លែងនៅក្នុងពិធីសម្ពោធព្រះបុទុមចេតិយ នៅក្នុងវត្តមុណីរតនារាម ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅដល់ពលរដ្ឋកុំមានការបារម្ភទាក់ទងទៅនឹងការចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅសង្ក្រាន្តប្រទេសថៃ ដោយថាពាក្យនេះមិនមែនជាពាក្យផ្ដាច់មុខរបស់ប្រទេសណាមួយនោះទេពោល គឺមាននៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវផងដែរ។

សម្ដេចបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ដើម្បីរៀបចំក្នុងការដាក់ពាក្យនេះជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជាផងដែរ។

ជាមួយគ្នានេះសម្ដេចក៏ជំរុញឲ្យប្រើប្រាស់ពាក្យសង្ក្រាន្តនេះនៅក្នុងរដូវកាលចូលឆ្នាំឲ្យបានទូលំទូលាយដូចពីមុនផងដែរ។

សម្ដេចធិបតីបានបញ្ជាក់ថា អស់រយៈពេលជាង ៣០ឆ្នាំហើយដែលរដ្ឋាភិបាលកម្ពុជាបានធ្វើនឹងការពារសម្បត្តិវប្បធម៌របស់ជាតិខ្មែរ។ ក្នុងនោះសម្ដេចក៏បង្ហើបបន្ថែមថាក្រៅពីសម្បត្តិវប្បធម៌ដែលបានចុះបញ្ជីរួចហើយក្នុងពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលគ្រោងនឹងចុះបញ្ជីនៅសម្បត្តិវប្បធម៌មួយចំនួនទៀតផងដែរដូចជា អាពាហ៍ពិពាហ៍ខ្មែររួមទាំងការប្រើប្រាស់សម្លៀកបំពាក់ និងក្រមាជាដើម៕