ជីវិតកម្សាន្ត

ក្រសួងទេសចរណ៍​រៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ

នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះនឹងមានការសម្ដែងរួមគ្នាដ៏ធំមួយ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររវាងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនសាវលីញរបស់ចិន នៅបរិវេណខាងជើងប្រាសាទបាយ័ន ចាប់ពីវេលាម៉ោង ៧:៣០នាទីតទៅ។

ក្រសួងទេសចរណ៍​បាន​ឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When shaolin Moots Bokator At Angkor ដើម្បីបន្តជំរុញការអនុវត្ត «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដូច្នេះហើយ​ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាសហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាបរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When shaolin Moots Bokator At Angkor នៅបរិវេណខាងជើងប្រាសាទបាយ័ន ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែង រួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍កម្ពុជាក៏បានអំពាវនាវដល់សា្ថប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤ និងឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន» ផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានដាក់ក្តីជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងជំរុញដល់ទេសចរណ៍ និងសេដ្ឋកិច្ច ក៏ដូចជាលើកតម្លៃក្បាច់គុនខ្មែរព្រលឹងជាតិខ្មែរ គុនល្បុក្កតោមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ អ្វីដែលពិសេស គឺបានបង្ហាញក្បាច់គុនដ៏ចំណាស់នៅពីមុខទឹកដីអច្ឆរិយៈតំបន់អង្គរ ហើយក៏បានបង្ហាញពីប្រវត្តិ ទស្សនៈវិជ្ជា ឱ្យក្បាច់គុនផ្សេងៗបានឃើញ។ តាមគម្រោងតំណាងអង្គការយូណេស្កូក៏ត្រូវបានអញ្ជើញឱ្យចូលរួមទស្សនានូវសកម្មភាពសម្តែងទស្សនីយភាពទាំងនេះដែរ៕