ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោង «ព្រែកជីកហ្វូណន-តេជោ» ដែលបានផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ÷លោកនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួង ព័ត៌មាន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការ អនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។

គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ,កំពត និងខេត្តកែប ដែលមានប្រវែង១៨០ គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់ បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកក ស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើន ផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះគឺជាគម្រោងបម្រើផល ប្រយោជន៍ ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕