សង្គម

នគរបាលខេត្តមណ្ឌលគិរី បោកឆ្នាំងបាយនគរបាលស្រុកពេជ្រាដា១ករណី ជាការព្រមានដល់សង្វៀនជល់មាន់ផ្សេងទៀត

ខេត្តមណ្ឌលគិរី÷ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌល គិរី ឆ្មក់ដោយមិនឲ្យនគរបាលស្រុកពេជ្រាដា ដឹងនោះទេ បានចុះទៅបង្ក្រាបករណីជល់មាន់មួយកន្លែងឃុំពូជ្រៃ។ នេះគឺជាការខោកក្បាល១ក្រញ៉រយ៉ាងខ្លាំងចំពោះ លោកផ្លង ជំនិត អធិការនគរបាលស្រុក ក៏ដូចជា លោកវណ្ណាម៉ាប់ អភិបាលស្រុកពេជ្រាដានោះផងដែរ។មានសង្វៀន ជល់មាន់ផ្សេងទៀត ក្នុងស្រុកពេជ្រាដា ជាពិសេសនៅឃុំប៊ូស្រា ដែលកំពុងដំណើរការរាល់ថ្ងៃ ក្រោមការឃ្លាំ មើលដឹងឮរបស់លោកវណ្ណា ម៉ាប់ និងលោកផ្លង ជំនិត និងលោកវណ្ណាម៉ាប់ ដែលជាអ្នកចូលចិត្តលេងល្បែងជល់មាន់នេះ។

ប្រភពបានឱ្យដឹងថា សង្វៀនជល់មាន់នៅឃុំប៊ូស្រា នៃទីប្រជុំជនស្រុកពិជ្រាដា ដំណើរការរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដែលមានច្រើនគូរនិងលេងក្នុងតម្លៃរាប់ពាន់ដុល្លារ។ ពួកគេនាំគ្នាទៅលេងនៅក្នុងចំការកៅស៊ូ ឬចំការម្រេច និងចម្ការស្វាយចន្ទីរបស់អ្នកភូមិ។ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំកន្លងទៅ ពួកគេលេងជល់មាន់ច្រើនៗគូក្នុង១ថ្ងៃៗ។ ប្រភពថាមិនមែនតែប្រជាពលរដ្ឋធម្មតានោះទេ ដែលវក់នឹងល្បែងជល់មាន់សូម្បីតែលោកចៅហ្វាយស្រុកពេជ្រាដា កាលពីខែមុនក៏ឈ្នះបានប្រាក់សន្ធឹកណាស់ដែរ។

បើតាមប្រភពពីមន្ត្រីនគរបាលខេត្តមណ្ឌលគិរី បានឲ្យ ដឹងថា យ៉ាងហោចណាស់ បុរសអ្នកល្បែងជល់មាន់៥ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចាប់បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។

ប្រភពរាយការណ៍ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៏ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកស្រី វរសេនីយ៍ទោ ព្យុះ ចិន្ដា នាយរងការិយាល័យ សហការជាមួយកម្លាំង អន្ដរាគមន៍នៃស្នង ការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចុះបង្ក្រាបទីតាំងជល់មាន់ខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចក្រោយសាលារៀនពូជ្រៃ(ក្រោមដើមស្វាយ)ស្ថិតនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ។ ក្នុងប្រតិបត្តិការ សមត្ថកិច្ចឃាត់ខ្លួនអ្នកលេងជល់មាន់៥នាក់,ម៉ូតូចំនួន១៣គ្រឿង ចំណែកម្ចាស់ម៉ូតូមួយចំនួនទៀតបានរត់គេចខ្លួនបាត់។ ម៉ូតូទាំង១៣គ្រឿងកម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធី។

ប្រជាពលរដ្ឋនៅទីប្រជុំជនប៊ូស្រារំពឹងថា លោកស្នងការនគរបាលខេត្តមណ្ឌលគិរី ឡោ សុខា មុខជាមិនបណ្ដែត បណ្ដោយឲ្យលោកផ្លង ជំនិត និងលោកវណ្ណា ម៉ាប់ នៅជញ្ជក់ឈាមរឿងមាន់ជល់នៅឃុំប៊ូស្រានោះទៀតទេ។ ប្រជាពលរដ្ឋរស់នៅឃុំប៊ូស្រាក៏សូមផ្ញើសារ ទៅលោកថង សាវុន អភិបាលខេត្តមណ្ឌលគីរី ពិនិត្យមើលករណីលោកវណ្ណា ម៉ាប់ និងលោក ផ្លង ជំនិត ដែលជាអ្នកនិយមចូលចិត្តកៀងគរអ្នកញៀនល្បែងជល់មាន់ឲ្យទៅលេងនៅទីនោះផង៕

ដោយ:សុិន ខ្វានឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299