កីឡា

ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបាន ១០០ភាគរយហើយ ត្រៀមប្រកួតលក្ខណៈ​អន្តរជាតិឆាប់ៗនេះ

បន្ទាប់ពីសាងសង់ជិតរយះពេល ៣ឆ្នាំ ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបាន ១០០ភាគរយហើយ ហើយក៏ត្រៀមទទួលការប្រកួតបាល់ទាត់ ជាលក្ខណៈអន្តរជាតិ នាពេលខាងមុខនេះ។

ក្នុងឱកាសចុះទៅពិនិត្យ ពហុកីឡដ្ឋានជាតិមរតកតេជោ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាតថា (CAMSOC) បានបញ្ជាក់ថា យើងកំពុងរៀបចំកម្មវិធី និងគោរពស្នើសុំរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រី ថាតើ ក្នុងស្ថានភាពកូវីដនេះ យើងអាចធ្វើអ្វីបាន បន្ទាប់ពីពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិនេះ ឬមួយក៏ធ្វើកម្មវិធីអ្វីផ្សេងទៀតជាមួយ និងភាគីចិន ដើម្បីអរអរសាទរនូវការទទួលនូវមរតកដ៏មហាសាលនេះ ប៉ុន្តែអ្វីដែលយើងត្រៀម គឺចាប់ពីខែតុលា តទៅគឺថា ពហុកីឡដ្ឋានជាតិនេះ អាចទទួលយកនូវការប្រកួតកំរិតជាអន្តរជាតិបាន ដូចជាការត្រៀមទទួលនូវការប្រកួតបាលទាត់ SUZUKI Cup ក្នុងខែធ្នូ ឆ្នាំ២០២១ នៅទីនេះ ដើម្បីទាក់ទាញឲ្យ​មានការចាប់អារម្មណ៍ខ្លាំង ហើយអាចបង្ហាញមុខមាត់របស់កម្ពុជា នៅលើវិស័យកីឡាបាល់ទាត់ និងត្រៀមលក្ខណៈអោយមានការប្រកួតកីឡាផ្សេងៗ អោយមានជាប់ជានិច្ចនៅទីនេះ ។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រកួតពហុកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលព្រះរាជាណាចក្រកម្ពុជា កំពុងសម្រួចគោលដៅយ៉ាងយកចិត្តទុកដាក់ ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ ។ ពហុកីឡដ្ឋានជាតិមរតកតេជោ អាចផ្ទុកអ្នកទស្សនា បានជាង ៦ម៉ឺននាក់ ៕