សង្គម

ចៅហ្វាយខេត្តមណ្ឌលគិរី មើលសង្វៀនជល់មាន់នៅស្រុកពេជ្រាដា ដំណើរការក្រោមលេសអបអរសាទរឆ្នាំថ្មី

ខេត្តមណ្ឌលគិរី÷ យ៉ាងហោចណាស់រយៈពេល៥ថ្ងៃមកហើយ ដែលសង្វៀនជល់មាន់ចល័តចុះឡើង នៅស្រុកពេជ្រជ្រាដាបានដំណើរការឡើងវិញ បន្ទាប់ពីខកខានមួយរយៈពេលខ្លី។ក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ ក្រុមអ្នកលេងល្បែង ជល់មាន់ដែលញៀនខ្លាំង សូម្បីតែចៅហ្វាយស្រុកក៏ដក ចិត្តមិនរួចនោះ សុខចិត្តលេងតែ២គូរប៉ុណ្ណោះក្នុង១ថ្ងៃ។ តាមគម្រោងពួកគេនឹងចាប់ផ្ដើមដំណើរការច្រើនគូរចាប់ ពីថ្ងៃទី១៣ខែមេសានេះតទៅ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ល្បែងជល់មាន់បន្តដំណើរការឡើងវិញហើយ តាមចំការ កៅស៊ូ,ចំការម្រេច,ចំការស្វាយចន្ទី…របស់ប្រជាពលរដ្ឋនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលប្រការនេះទាមទារឲ្យលោកឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគិរី មើលការដឹកនាំរបស់លោកផ្លុង ជំនិត អធិការនគរបាលស្រុកពេជ្រាដានោះផង។ អ្នកភូមិបានឱ្យដឹងថា ក្រៅពីប្រជាពលរដ្ឋធម្មតា ក៏មានថ្នាក់ដឹកនាំស្រុកជាអ្នកចូលចិត្តលេងល្បែងស៊ីសងជល់មាន់នេះដែរ។ ជាងនេះទៅទៀតពួកគេនិយាយថា ល្បែងប្រជាប្រិយដែលចៅហ្វាយខេត្តមណ្ឌលគិរីរៀបចំសង្ក្រាន្ត នៅក្រុងសែន មនោរម្យ មិនជាទីចាប់អារម្មណ៍របស់ពួកគេទេ។

ប្រជាពលរដ្ឋខ្សិបថា សង្វៀនជល់ចល័តចុះឡើងកំពុងញាំញីអង្រួនជីវភាព រស់នៅប្រជាពលរដ្ឋនៅទីប្រជុំជនប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ អ្នក ភូមិថា ល្បែងជល់មាន់នៅក្នុងស្រុកពេជ្រាដា ជាពិសេសនៅទីប្រជុំជនប៊ូស្រា ហាក់ដូចជាមិនខ្លាចច្បាប់ទម្លាប់របស់ប្រទេសនោះឡើយ។ មិនតែប៉ុណ្ណោះ អាជ្ញាធរថ្នាក់ស្រុក ត្រូវប្រជាពលរដ្ឋមើលឃើញថា ជាអ្នកដើមភ្លើងឲ្យមានវង់ល្បែងស៊ីសងនោះទៅវិញ។ លោកអភិបាលស្រុក ក៏ដូចជា អធិការស្រុក..ជិះរថយន្តចុះឡើងនៅទីប្រជុំជនប៊ូស្រា គឺដើម្បីហៅគ្នីគ្នាទៅជល់មាន់,មិនមែនមើលបញ្ហាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនោះទេ ។ លោកអធិការផ្លុង ជំនិត ជិះរថយន្តហ្វតពណ៌សដើម្បីហៅគ្នីគ្នាទៅលេងមាន់តែប៉ុណ្ណោះ។ ទាំងចៅហ្វាយស្រុក លោកវណ្ណា ម៉ាប់ និងអធិការស្រុក ផ្លុង ជំនិត ..បានប្រយោជន៍ច្រើនពីសង្វៀនជល់មាន់គឺបានលេងខ្លួនឯងផងនិងបានលុយពីម្ចាស់សង្វៀនផង។

ប្រភពបាននិយាយថារយៈពេល៤,៥ ថ្ងៃកន្លងមកនេះក្រុមអ្នកមានល្បែងជល់មាន់ បានចាប់ផ្ដើមដំណើរការឡើងវិញដោយមានអាជ្ញាធរស្រុក ទាំងចៅហ្វាយស្រុកនិងទាំងអធិការស្រុក ជាអ្នកផ្ដួចផ្ដើមគំនិត។ ពួកអ្នកញៀនល្បែងទាំងអធិការ ទាំងចៅហ្វាយស្រុកនិយាយថាគឺជាការចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ការលើកឡើងរបស់អាជ្ញាធរស្រុកពេជ្រាដា ហាក់ ដូចជាមិនឲ្យតម្លៃទៅលើអ្វីដែលថ្នាក់ដឹកនាំខេត្ត លោកថង សាវុន បានចំណាយប្រាក់រាប់លានរៀល ដើម្បីរៀប ចំសង្ក្រាន្តនៅខេត្តមណ្ឌលគីរីនោះឡើយ។

ដំណើរការលេងល្បែងស៊ីសងជល់មាន់លើកនេះ ត្រូវគេប្រាប់ថា មានការរឹតត្បិតតឹងរឹង ផ្នែកសន្តិសុខសណ្ដាប់ ធ្នាប់យ៉ាងខ្លាំង សូម្បីតែអ្នកទៅលេង ក៏ត្រូវត្រួតពិនិត្យទូរសព្ទផងដែរ។ ប្រភពប្រាប់ថា ដើម្បីសុវត្ថិភាពជៀស វាងការបែកធ្លាយរូបភាពផ្សេងៗចេញពីសង្វៀនជល់មាន់ អ្នករៀបចំសង្វៀនមិនអនុញ្ញាតឲ្យអ្នកចូល ក្នុងសង្វៀនជល់មាន់យកទូរសព្ទដៃដើម្បីថតរូបភាពទៅជាមួយនោះឡើយ។ គេនិយាយថា គឺដើម្បីសុវត្ថិភាពទាំងអស់គ្នា។ ដូច្នេះមិនអាចមាននរណា ថតរូបភាពលេងជល់មាន់ឬទីតាំងជល់ មាន់នោះបានទេ។

អ្នកលេងល្បែងមាន់ជល់នៅស្រុកពេជ្រាដាមុខដដែលៗ ដែលក្នុងនោះមានទាំងលោកវណ្ណា ម៉ាប់ ចៅហ្វាយស្រុកនិងលោកអធិការស្រុកពេជ្រាដាផងដែរ។ ក្រុមអ្នកញៀនល្បែងដឹកនាំដោយអាជ្ញាធរស្រុកពេជ្រាដា ហាក់ដូចជាមើលស្រាលនឹងបទបញ្ជា,និងការរៀបចំសង្ក្រាន្តរបស់ចៅហ្វាយខេត្តមណ្ឌលគិរី លោកថងសាវុន និងគុបគិត ជាមួយសមត្ថកិច្ចថ្នាក់ខេត្ត ពិសេសលោកឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងផលប្រយោជន៍ណាមួយនៅ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។ គេរំពឹងថា ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីទាំងចៅហ្វាយខេត្តលោក ថង សាវុន និងលោកឡោ សុខា ពិនិត្យមើលពួកអាជ្ញាធរស្រុកពេជ្រាដា ដែលកំពុងគឃ្លើនញៀននិងល្បែងជល់ មាន់នេះផង៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299