សង្គម

មនុស្ស​៣០នាក់ស្លាប់ និង​៧០នាក់របួស អំឡុង​ពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ

អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៤ ពោលគឺរាប់ពីថ្ងៃទី១៣ ដល់ទី១៥មេសា មានមនុស្ស៣០នាក់បានស្លាប់ និងជាង៧០នាក់បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។

របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានបន្ថែមថា មនុស្សចំនួន ១១នាក់បានស្លាប់ និង ២២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ (ស្រាល ៧នាក់ និងរបួសធ្ងន់ ១៥នាក់) ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវនឹង ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។ ដោយឡែក នៅថ្ងៃទី១៤ ខែមេសា ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានមនុស្ស៨នាក់បានស្លាប់ និងរបួស២៨នាក់ ក្នុងនោះ១៤នាក់របួសស្រាល និង១៤នាក់របួសធ្ងន់។

ក្នុងនោះដែរមនុស្សចំនួន ១១នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕