សង្គម

ទេសចរជាង១៣លាននាក់ដើរកម្សាន្តទូទាំងប្រទេសថ្ងៃចូលឆ្នាំខ្មែរ តែខេត្តដែលទេសចរទៅច្រើនជាងគេ​មិន​មែន​សៀមរាប ហើយ​ក៏​មិន​មែនបាត់ដំបងដែរ

របាយការណ៍ស្ថិតិទេសចរណ៍ពីនាយកដ្ឋានស្ថិតិទេសចរណ៍នៃក្រសួងទេសចរណ៍នៅថ្ងៃទី១៦មេសានេះ បានបង្ហាញថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល០៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិសរុបជាង១៣លាននាក់បានដើរកម្សាន្តនៅទូទាំងប្រទេស។

របាយការណ៍ដដែលឱ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវសរុបទាំងជាង១៣លាននាក់មាន ទេសចរជាតិ ប្រមាណ ១៣ ២៧៧ ៥៥៦ នាក់ ចំណែកទេសចរបរទេស មានប្រមាណ ៨១៧៤៥នាក់។

ក្នុងនោះ រាជធានី ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេទាំង៥ រួមមាន ទីមួយបានទៅលើខេត្តកំពង់ចាម មានទេសចរជាតិ ប្រមាណ ៣ ៤៣១ ២២៤ នាក់ និងទេសចរបរទេស ប្រមាណ ៣៥៦ នាក់។ ទី២ខេត្តកំពង់ស្ពឺ មានទេសចរជាតិ ប្រមាណ ១ ២៣៣ ២៩៥ នាក់ និងទេសចរបរទេស ប្រមាណ ១២៤៣នាក់។ ទី៣គឺខេត្តបាត់ដំបង មានទេសចរជាតិ ប្រមាណ ១ ០៧១ ៥៥៥ នាក់ និងទេសចរបរទេស ប្រមាណ ១៦៤១ នាក់។ ចំណែកទី៤ គឺខេត្តព្រៃវែង មានទេសចរជាតិ ប្រមាណ ១ ០១៤ ៦០៦ នាក់ និងទេសចរបរទេស ប្រមាណ ៣៣នាក់។​ រីឯទី៥គឺ ខេត្តសៀមរាប​ មានទេសចរជាតិ ប្រមាណ ៩៤៣ ០០០ នាក់ និងទេសចរបរទេស ប្រមាណ ១២៩៩១៕